Social Icons

Thursday, February 12, 2015

ការគ្រប់គ្រងអាជីវកម្ម

ចំនុចសាមញ្ញទាំងបួននៃការគ្រប់គ្រងអាជីវកម្ម

ការគ្រប់គ្រងអាជីវកម្មមួយ បើនិយាយអោយសាមញ្ញវាគ្រាន់តែជាស្ទីល មួយទេ។ ពីព្រោះថា យើងម្នាក់ៗអាចធ្វើយ៉ាងណាក៏បាន ទៅតាមការ ចូលចិត្តនិងចង់បានរៀងៗខ្លួន។ បើយើងក្រឡេកមើលតែមួយភ្លែត មានមនុស្សជាច្រើនតែងតែយល់ច្រឡំថា ការគ្រប់គ្រងអាជីវកម្ម មានលក្ខណៈស្មុគស្មាញខ្លាំងណាស់។ ផ្ទុយទៅវិញ ប្រសិនបើយើង ពិនិត្យអោយបានស៊ីជម្រៅតែបន្តិច ការគ្រប់គ្រងអាជីវកម្មមួយ វាពឹង ផ្អែកលើមូលដ្ឋានសាមញ្ញៗតែបួនចំនុចប៉ុណ្ណោះ មិនថាជាអាជីវកម្ម ប្រភេទអ្វី និងមានទំហំប៉ុណ្ណានោះទេ ហើយចំពោះចំនុចទាំងនោះ យើង នឹងលើកយកមកបកស្រាយ ដូចខាងក្រោមនេះ។

១-      ការរៀបចំផែនការ
នៅក្នុងពិភពនៃអាជីវកម្មសព្វថ្ងៃនេះ ការប្រកួតប្រជែងគ្នា គឺមានភាពកាន់តែតឹងតែងឡើងៗ។ ដូច្នេះដើម្បីធានានូវភាពជោគជ័យ និងអាចស្ថិតនៅលើគេបង្អស់នៃសៃហ្វៀនប្រកួតប្រជែងនេះ ម្ចាស់អាជីវកម្មស្ទើរតែទាំងអស់ គ្នា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកថាវាជាការចាំបាច់មួយ ក្នុងការរៀបចំអោយមានជាផែនការនានា ជាពិសេសគឺផែនការអាជីវកម្មតែម្តង។ ផែនការអាជីវកម្ម វាគឺជាឯកសារកត់ត្រាមួយដែលសរសេរអំពី ការប្រព្រឹត្តទៅនៃអាជីវកម្មមួយ។ វាជាការកត់ត្រាបញ្ចូលនូវគោលបំណង គោលដៅ និងការកំណត់ទិសដៅ ផែនការសកម្មភាពនានា ប្រតិបត្តិការ កិច្ចការហិរញ្ញវត្ថុ យុទ្ធសាស្រ្តនិងការព្យាករណ៍នៃដំណើរការទីផ្សារ និងសកម្មភាពនានារបស់អាជីវកម្ម។ល។ ការគ្រប់គ្រងគម្រោងអាជីវកម្មគឺជាដំណើរការមួយដែលត្រូវធ្វើជាប្រចាំ និងជានិរន្ត។

២-      ផ្នែកហិរញ្ញវត្ថុ
ផ្នែកហិរញ្ញវត្ថុ វាគឺជាប្រព័ន្ធសរសៃឈាមរបស់ក្រុមហ៊ុនមួយ មានន័យថា ភាពរស់រានមានជីវិតរបស់អាជីវកម្មមួយ វាពឹងផ្អែកទាំងស្រុង លើការគ្រប់គ្រងហិរញ្ញកិច្ច អោយបានល្អប្រសើរ។ ដោយមិនមានការកំហិតជាក់លាក់ណាមួយនោះទេ វាត្រូវបានរាប់បញ្ចូលនូវ ការគ្រប់គ្រងថវិការ ចំណូលបានមកពីការលក់ ការចំណាយថ្លៃដើម ការចំណាយប្រតិបត្តិការ ព្រមទាំងការទទួលខុសត្រូវមួយចំនួន ទៀត។ ជាទូទៅ អាជីវកម្មមួយដែលដំណើរការទៅបានជោគជ័យ ត្រូវបានស្តែងឡើងដោយសារ វាមានលទ្ធភាពក្នុងការបង្កើតនូវ ចរន្តសាច់ប្រាក់ល្អនិងជាវិជ្ជមាន។

៣-      ការរៀបចំបុគ្គលិក
ចំនុចមួយផ្សេងទៀតក្នុងការគ្រប់គ្រងអាជីកម្មគឺការចាត់ចែងបុគ្គលិក។ យើងពុំចាំបាច់មានការភា្ញក់ផ្តើលអ្វីទេ នៅពេលដែលបានឮ អាជីវករមួយចំនួននិយាយ ត្អូញត្អែអំពីចំណោទរបស់ពួកគេក្នុងការស្វែងរក ក៏ដូចជាការបណ្តុះបណ្តាលនិយោជិក។ ការរកបាន បុគ្គលិកល្អ ស្មោះត្រង់ យកចិត្តទុកដាក់លើការងារ និងធ្វើការបានលទ្ធផលល្អ គឺជាកត្តារស់រានរបស់អាជីវកម្មមួយ ដែលម្ចាស់ ក្រុមហ៊ុនគ្រប់រូបតែងតែប៉ងប្រាថ្នា។

៤-      ការបំពេញមុខងារ
ការធ្វើជំនួញបើនិយាយទៅគឺសំដៅលើការបំពេញមុខងារទាំងឡាយ។ ដោយរាប់បញ្ចូល ចាប់ពីម្ចាស់ក្រុមហ៊ុន គណៈគ្រប់គ្រង ជាន់ខ្ពស់ រហូតដល់បុគ្គលិក ឫកម្មករថ្មីថ្មោង គឺចាំបាច់តម្រូវអោយមាននូវការតាមដានលើការបំពេញភារកិច្ចអោយ បានខ្ជាប់ខ្ជួន និងជាប្រចាំ ធ្វើដូច្នេះគឺដើម្បីអោយបានសម្រេចនូវគោលបំណង ក៏ដូចជាបានឈានឆ្ពោះដល់គោលដៅនៃសកម្មភាពអាជីវកម្មនានា ដែលបានគ្រោងទុក។ និយាយរួម វាគឺជាការត្រួតពិនិត្យ ការវាយតំលៃ និងការតាមដាននូវគម្រោង និងសកម្មភាពនានា ដោយធ្វើ ការប្រៀបធៀបនឹងផែនការដែលបានលើកឡើង ដើម្បីពិនិត្យអោយឃើញនូវលទ្ធផលការងារដែលបានអនុវត្តន៍ដោយអ្នកទទួល ខុសត្រូវទាំងពួង ថាតើមានការទទួលបាននូវលទ្ធផលដូចដែលបានកំណត់ដែរឫទេ។

ដូចដែលបានរៀបរាប់មកខាងលើ ការគ្រប់គ្រងអាជីវកម្មឫក្រុមហ៊ុនមួយ គឺមិនមានភាពស្មុកស្មាញដូចដែលយើងភាគច្រើន បានគិតនោះទេ ពីព្រោះជាគោលការណ៍ វាគឺជាការរួមបញ្ចូលគ្នារវាងការធ្វើផែនការ ការគ្រប់គ្រងហិរញ្ញកិច្ច ការចាត់ចែងបុគ្គលិក និងការដឹកនាំនូវការបំពេញតួនាទីទាំងឡាយ។

No comments:

Post a Comment

 
 
Blogger Templates