#នត្ថិលោកេ អនិន្ទិតោ ក្នុងលោកនេះពុំមានអ្វីដែលគេមិននិន្ទានោះឡើយ .........
គ្មានទេភាពល្អឥតខ្ចោះ! មនុស្សមិនមានភាពល្អឥតខ្ចោះនោះទេ ពោលគឺមនុស្សតែងមានចំណុច ខ្វះខាតដែលត្រូវតែមានការកែលម្អ ឬតាមរយៈការនិន្ទាទោះតិច និងច្រើននោះ វាជារឿងធម្មតា។ ជាការពិតណាស់មនុស្សម្នាក់ៗតែងមានយោបល់ យល់ឃើញខុសៗគ្នាដែលមានភាសិតសកល មួយឃ្លាពោលថា មនុស្សច្រើនយោបល់ច្រើន។ ឯអ្វីដែលជាការផ្គាប់ចិត្តមនុស្សនោះឃើញថា ពុំបានសម្រេចនូវការព្រមព្រៀងទាំងអស់គ្នានោះទេ។
លោកបានធ្វើការប្រៀបប្រដូចទៅនឹងព្រះអាទិត្យ ព្រះច័ន្ទដែលបានបំភ្លឺភពផែនដីនេះក៏មិនអាច ផ្គាប់ទៅតាមបំណងប្រាថ្នាប្រកបទៅដោយការលោភលន់របស់មនុស្សនោះបានដែរ។ អ្នកខ្លះថា ភ្លឺពេកនិងងងឹតពេក ឬអ្នកខ្លះថា ក្តៅពេក និងត្រជាក់ពេក…..។ ដោយឡែកចំពោះមាតាចម្អិនម្ហូបអាហារផ្គត់ផ្គង់ក្នុងគ្រួសារនីមួយៗក៏មិនបានផ្គាប់ទៅតាមចំណង់ ចំណូលចិត្តរបស់សមាជិកទាំងអស់ក្នុងគ្រួសារបានគ្រប់គ្នាដ៏ល្អ ឥតខ្ចោះនោះដែរ។ អ្នកខ្លះថា សាបពេកខ្លះថា ប្រៃពេក និងខ្លះថាឆ្ងាញ់ជាប់មាត់ ឯខ្លះទៀតថា មិនឆ្ងាញ់…..។ ក្នុងការរស់នៅរបស់មនុស្សនៃពិភពតណ្ហានេះក៏បានបង្ហាញអំពីការនិន្ទាឈ្នានីស បន្ទាបបន្ថោក បន្តុះបង្អាប់ ការចាប់ជើងគ្នាបោក ឬហៅថា ជាការកាច់កុងគ្នា មិនចេះចប់ឡើយ។ ដ្បិតមនុស្សតែង តែមានសេចក្តីប៉ងប្រាថ្នាមិនចេះគ្រប់គ្រាន់ និងមិនចេះឆ្អែងព្រមល្មមទាល់តែសោះ គឺថាបាននេះ ហើយតែងចង់បានអ្វីនោះទៀត។ គ្រប់ការងាររបស់មនុស្សក្នុងលោកនេះមិនមានអ្វីដែលហៅថា ល្អឥតខ្ចោះ ឬពុំមានកំហុសឆ្គងនោះទេ។ គេតែងនិយាយថា អ្នកដែលធ្វើការងារនោះតែងមាន កំហុសដោយប្លែកគ្នាតែត្រង់ការខុសឆ្គងតិចតួច ឬការខុសឆ្គងធំដុំនោះទេ។ ប៉ុន្តែរវាងអ្នកចាំតែថា ឬចាំតែមើលកំហុសឃើញហើយធ្វើការនិន្ទានិងមានការស្តីបន្ទោសនោះវាមិនពិបាកនោះទេ។ ឯអ្វីដែលពិបាកនោះនៅត្រង់ការធ្វើសម្រាប់ឲ្យគេរិះគន់ទៅវិញទេដែលតែងមានចំណុចជាច្រើនដែលមិនសមស្រប នឹងចិត្តអ្នកដែលមិនធ្វើនោះជាញឹកញាប់បំផុត។ ផ្ទុយទៅវិញប្រសិនបើគេទម្លាក់ ការងានោះដោយប្រគល់ឲ្យអ្នកដែលចាំតែចាប់កំហុសគេនោះធ្វើម្តងប្រាកដជាគេដឹងថា អ្នកនោះ នឹងមានភាពស្រពេចស្រពិលពពីមពពើម ព្រមទាំងមានចំណុចខ្វះខាតច្រើនជាងគេវិញផង។ នេះហើយដែលកន្លងមក គេតែងនិយាយថា សាលាថានិងសាលាធ្វើនោះ វាមិនដូចគ្នាទេ ព្រោះបើ គ្រាន់តែថា វាងាយស្រួលជាងធ្វើ។ តាមរយៈការរៀបរាប់ខាងលើនេះបើគេធ្វើការបង្ហាញ អំពីការងារគ្រប់គ្រងសង្គមជាតិ ឬការងារដឹកនាំប្រទេសវិញនោះក៏មិនបានបំពេញបំណង គ្រប់មនុស្សទាំងអស់គ្នាបានដែរ។ ចំពោះភាគច្រើនគេថា ល្អតែចំណែកឯមតិភាគតិចថា មិនល្អ។ ដូចនេះបើអនុលោមទៅតាមលទ្ធិ ប្រជាធិបតេយ្យនោះឃើញថា មតិភាគច្រើនដែលថា ល្អនោះគឺ អាចសម្រេចយកជាសាច់ការក្នុងការ អនុវត្តបានហើយ ។ ម្យ៉ាងទៀតចំពោះមតិរិះគន់ក៏មានចែកជាពីរយ៉ាងដែរគឺ ការរិះគន់ទី១ ដើម្បី ស្ថាបនា ឬដើម្បីធ្វើការកែលម្អឡើងវិញក្នុងបំណងល្អ។ ឯមតិរិះគន់ទី២ គឺ ជាន័យផ្តួលរំលំហៅថា ប៉ែងជើងគេឲ្យដួលដើម្បីខ្លួនឯងឡើង ឈរជំនួសទៅតាមមហិច្ឆតា របស់ខ្លួនក្នុងការប្រជែងយក អំណាច និងផលប្រយោជន៍។ វាពិតជាអ៊ីចឹងមែនមិនថា តែការដឹកនាំប្រទេសជាតិទាំងមូលតែងតែ មានការជួបប្រទះនូវមតិប្រឆាំងរិះគន់ត្រង់ចំណុចនេះ ឬចំណុចនោះចចេចចចូចអេចអូចឥតស្វាង នោះទេ ព្រោះវាជារឿងធម្មតា អ្វីៗ មិនដែលល្អ ឥតខ្ចោះក្នុងការបំពេញបំណងដល់មនុស្សគ្រប់គ្នា នោះឡើយ.......។12/01/2559/2016
-
No comments:
Post a Comment