ប្រវត្តិបុណ្យចូលឆ្នាំ
មនុស្សគ្រប់ជាតិសាសន៍តែងប្រារឰពិធីចូលឆ្នាំថ្មីដែលជា ប្រពៃនីរបស់ប្រជាជាតិរៀងៗខ្លួន ។ គ្រាន់តែគេ និយមកំនត់ ពេលវេលានៃ ការរៀបចំបុណ្យនេះ ប្លែកៗគ្នា ស្របទៅតាមជំនឿទំនៀមទំលាប់ និងប្រពៃនីរបស់គេប៉ុណ្ណោះ ។ ជនជាតិខ្មែរយើង ក៏មានប្រវត្តិធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំរហូតមក ។ យើងបានប្រទះឃើញអែកសារជាច្រើនដែលស្តីពីពិធីបុណ្យចូលឆ្នាំ និង អុស្សាហ៍បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជា ច្រើន ពិសេសគឺអូវពុកខ្ញុំកាលលោកនៅមានជីវិតនៅឡើយ ក៏ដូចជាអែកសារពិស្តារព្រះរាជពិធីទ្ធាទស្សមាស និងធ្វើការផ្ទូផ្ទឹមអរិយធម៌ខ្មែររបស់អ្នកស្រី ត្រឹង ងា ។
ប្រវត្តិ
តំនាលថា កាលដើមនៃភទ្ទកប្បនេះ មានសេដ្ឋីម្នាក់មានបុត្រមួយឈ្មោះ ធម្មបាលកុមារជាអ្នកមានចំនេះវិជ្ជាដ៏វិសេសរៀន ចេះចប់ ត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។សេដ្ឋីបិតាបានសាងប្រាសាទអោយនៅទៀបដើមជ្រៃមួយធំនៅ ឆ្នេរទន្លេដែលជាទីនៅនៃបក្សីទាំងឡាយ ។ ធម្មបាលកុមារនោះបានចេះទាំងភាសាបក្សីទាំងពួងផង ហើយបានជាអាចារ្យសំដែងមង្គលផ្សេងៗ ដល់មនុស្សទាំងពួងផង។ គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និងកុបិលមហាព្រហ្ម ១អង្គទៀត ដែលជាអ្នកសំដែងមង្គលដល់មនុស្ស ទាំងពួង។ ពេលនោះកុបិលមហាព្រហ្មបានជ្រាបព័ត៌មាន ក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ខ ដោយសន្យាទុកថា បើដោះ ប្រស្នាបាននឹងកាត់ក្បាលបូជាធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ ។
ធម្មបាលកុមារសុំអោយពន្យារពេលចំនួន ៧ថ្ងៃសិនដើម្បីគិតប្រស្នា ។ លុះកន្លងទៅ ៦ថ្ងៃហើយក៏នៅតែគិតមិនឃើញ ដឹង
ខ្លួនថា ព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ ។ ដូច្នេះគួរតែរត់ទៅលាក់ខ្លួនពួនអាត្មាអោយស្លាប់ ដោយខ្លួនអែងប្រសើរជាង។
គិតហើយ ទើបចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះសត្វអិន្ទ្រីញីឈ្មោលធ្វើសំបុកអាស្រ័យ
នៅ។ វេលាយប់អិន្ទ្រីញីសួរអិន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណា ស៊ី ? អិន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្ម បាលកុមារដែលត្រូវកុបិលមហាព្រហ្មសំលាប់ ព្រោះដោះប្រស្នាមិនរួច ។ អិន្ទ្រីញីសួរថា ប្រស្នានោះដូចម្តេច ? អិន្ទ្រីឈ្មោល ឆ្លើយថា វេលាព្រឹកសិរីសួស្តីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនោះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ខ ១ទៀតថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ខ ១ ទៀតថា វេ លាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើង ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។
ធម្មបាលកុមារបានលឺដូច្នេះ ក៏ត្រលប់ទៅប្រាសាទវិញ។ ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារឆ្លើយ
ដោះស្រាយដែលបានលឺមក កុបិលមហាព្រហ្មហៅទេពធីតាទាំង ៧នាក់ដែលជាបាទបរិចាវិកាព្រះអិន្ទ្រមកប្រាប់ថា អិលូវបិតា ត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើអាកា សភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូច្នេះសូមអោយកូនទាំង ៧នាក់យកពានមកទទួលក្បាល ថា ហើយក៏កាត់ក្បាលហុចទៅអោយនាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភ្នំព្រះ សុមេរុ ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ឋានទុកក្នុងមណ្ឌលនៅក្នុង គុហាគន្ធមាលីភ្នំកៃលាសបូជាគ្រឿងទិព្វផ្សេងៗ ព្រះវិស្ស កម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ហើយដោយកែវ ៧ប្រការឈ្មោះថា «ភគវតីសភា» អោយជាទីប្រជុំនៃទេវតា លុះដល់ គំរប់១ ឆ្នាំជាសង្ក្រាន នាងទេពធីតាទាំង៧ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ក្បាលកុបិលមហាព្រហ្មចេញមកហែប្រទក្សិណភ្នំព្រះសុមេររាល់ ៗឆ្នាំ ហើយត្រលប់ទៅស្ថានទេវលោកវិញ ។
ឈ្មោះទេពធីតាមហាសង្ក្រាន្ត និងគ្រឿងអភរណៈ ទំនាយតាមតម្រាដូចតទៅនេះ ៖
បើសង្ក្រានជាថ្ងៃអាទិត្យ ទេពធិតាឈ្មោះ នាងទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រចាប់បទុមរាគ ភក្សាហារផ្លែអុទុម្ពរ អាវុធ ស្តាំកងច័ក្រ ឆ្វេងសង្ខពាហនៈគ្រុឌ ។
បើថ្ងៃច័ន្ទ ទេពធិតាឈ្មោះ នាងគោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់បុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័នឆ្វេងឈើច្រត់ ពាហន ខ្លា ។
បើថ្ងៃអង្គារទេពធិតាឈ្មោះ នាងគោរាក្សសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហ អស្សតរ ។
បើថ្ងៃពុធ ទេពធិតាឈ្មោះ នាងមណ្ឌាទេវី សៀតផ្កាចំបា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហន លា ។
បើថ្ងៃព្រហស្បតិ៍ ទេពធិតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសន្តែក ល្ង អាវុធស្តាំកង្វេរឆ្វេងកាំភ្លើង ពាហន ដំរី ។
បើថ្ងៃសុក្រ ទេពធិតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារចេកណាំវ៉ាអាវុធស្តាំព្រះខ័នឆ្វេងពិណ ពាហន ក្របី ។
បើថ្ងៃសៅរ៍ ទេពធិតាឈ្មោះមហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ ពាហនៈក្ងោក ។
ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវណបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ អែការ កំនត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំនត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំនែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបាន យ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្តនេះអែង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (វិធី
ដើរនៃព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកក្តិក ជាខែទី១២ ។
លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (វិធីដើរនៃព្រះអាទិត្យ) ជាសំខាន់វិញហើយកំនត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥)
ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចែត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរ ៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សា មញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្ត សង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។
គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកអែថ្ងៃចូលឆ្នាំតាមចន្ទ
គតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង ១ខែគឺមិនមុនថ្ងៃ ៤កើត ខែចែត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃនីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ
សំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១
គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គិសនីខ្សែ តូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។
លុះដល់វេលាកំនត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូប
បាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។
ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងើយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ អុទា
ហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សន្តែក គេដាក់សន្តែក ល្ង ថ្វាយ…អែពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំនី លុយកាក់ដល់អ្នកមានគុណ មានអូវពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែ លគេសន្មត់ទុកដូចបូចូឡាមនីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង រឺប្អូន ដែលបានស្លាប់ទៅ ។
ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុ កខ្លះ) ។ នៅក្នុងអោកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
វាលុកចេតិយ
ពាក្យសាមញ្ញោហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកន្ដាលទីធ្លាដែលគេបានកំនត់ រួចពូនអោ យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំនាងអោយព្រះចូលាមនីចេតិយ ដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅ សាលាឆាន់ រឺក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំនត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាម ការពេញចិត្តរបស់អ្នកស្អាង ។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកន្ដាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័ត គេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកន្ដាលខាង ឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្នុការ រានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតា ដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសា ងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវា លុកចេតិយ» មហាសំការសូត្រ ។
រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំព អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងអោកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូអុបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងអោកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយរតនៈ ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំនា ចដែលបានលេងសត្វអំបាលនោះ អ្នកនោះរមែងជាអ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើន អិតមានរោគភ័យមកបៀតបៀ នក្នុងកាលទាំងពួងប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុងភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសំបុរកាយផូរផង់ ជាទីគាប់ចិត្តជាទីគួរអោយមើល ជាអ្នកមាន ប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះសូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណញាតិ សុទ្ធតែជាអ្នកអុត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹកក្នុងពេលចូលឆ្នាំ ។ ដោយប្រការដូច្នេះហើយបានជានៅអោកាសចូលឆ្នាំ មនុស្សទាំងឡាយតែងនាំគ្នាដោះលែងសត្វផ្សេងៗ តែងនាំគ្នាធ្វើបុណ្យ ផ្សេងៗ…ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
អានិសង្សវាលុកចេតិយ
ក្រៅអំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេតែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថា មានផល្លានិសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿងអានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាអុទាហរណ៍គឺ :
និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅ នាសម័យមួយបាវិកបើកសំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀបផ្នូកខ្សាច់នោះ ហើយនាំគ្នាកជាវាលុកចេតិយ អុទ្ទិស ជាតំនាងចូលាមុណីចេតិយដែ
លបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រឹង្សទេវលោក ស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និងពួកឈ្មួញអម្បាលនោះលុះរំលាយខន្ធទៅ ហើយបានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិ លុះច្យុតពីសួគ៌កកើតក្នុង មនុស្សលោកបានជាស្តេចអែករាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
និទានទី២ ដំនាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ)ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអានិតនាយនេសាទខ្លាំងណាស់ ក៏គិតរកអុបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវ បាត្រដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញ
ទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយនេសាទប្រកែកដាច់ថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏រំលែកបាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវពួកយមបាល រឺ យមភូបាលយកខ្លួនទៅសួរយកចំលើយ អំពីរឿងកាលនៅមនុស្សលោកនោះបានធ្វើបុណ្យខ្លះដែររឺទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំងពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរន្តៅភ្លើងនរក តែមិនឆេះ ត្រលប់ជាខ្ទាត់ចេញ មកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រលេកទៅឃើញអន្តាតភ្លើងមានសំបុរដូចចីវរលោកស ង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួនបានធ្វើ ទើបឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូបដែរ ។ ពួក យមភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើងនឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះវិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតអែឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាននាងសុវណ្ណអោរៃជាទេពី។ អន្នំ លោកង្សិន៍ទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ នឹកឃើញដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយ ចូលទៅដេក នាងសុវណ្ណអោរៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិន៍ទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពីដើមរហូតដល់ចប់។ នាងសុវណ្ណអោរៃលួងលោមថា បើដូច្នោះសូមព្រះអង្គកុំជាទុក្ខទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តី បើចង់អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លង ហើយនឹងរួចអំពីកម្មពៀរ នោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះ ទៀងជាដោះរួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិន៍ទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងហើយស្រេចក្នុងរវា ង ៧ថ្ងៃនោះអែង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាម ពួកយមបាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិន៍ទេវបុត្រអោយ ចេញមក គ្រានោះអន្នំលោកង្សិន៍ទេវបុត្រគេចមុខចេញ នាងសុវណ្ណអោរៃចេញមកទទួល។ និយាយជាសំនួរតបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងរួចហើយ បាបកម្មទាំង ពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ក្រអ្វីទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែអែគ្រាប់ខ្សាច់ក្នុងពែងគង់នៅដដែល គ្មានស្រ កស្រុតទៅណាសោះ ពួកយមបាលទាល់ចំនេះនឹងរាប់ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
ចំនែកអន្នំលោកង្សិន៍ទេវបុត្របាននៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាចផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោ លហើយ។
និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់នោះរាល់ៗថ្ងៃ ប្រលាក់ទៅដោយដីខ្សាច់ប្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា «ចៅកំ
ជិលខ្សាច់»។ នាថ្ងៃមួយ ព្រះអិន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ប្រកែកមិនព្រមយក ដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេពធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះអិន្ទ្រប្រើអោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្តដោយនាងមានរូបឆោមល្អ ទើបសំនេះសំនាលលួងលោមចៅកំជិលខ្សាច់ ទាល់តែព្រមយក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាតបាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាត ទាំងសមរម្យគ្នានឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់ បាននាងទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅពិនិត្យមើលឃើញដូចពាក្យគេដំ នាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគតគ្មានអ្នកទទួលរាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សម គួរជាព្រះរាជាម្ចាស់ផែនដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវលើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រមទាំងនាងទេពធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយដូច្នេះ លោកថាបាន ដោយហេតុដែលបានពូនភ្នំខ្សាច់នោះអែង ។ កាលកើតមានរឿងសំដែងអំពីអានិសង្សនៃការស្អាងវាលុកចេតិយ ដូច្នេះហើយពួក ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿ និងជ្រះថ្លា ទើបបាននាំគ្នាស្អាងវាលុកចេតិយជាប់ជាប្រវេណិ៍ដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូលាមណីចេតិយ រួចយកកំនត់សប្រវែងប្រមាណមួយម៉ែ ត្រកន្លះ ទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជាអង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលង រឺរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់អស់ទេវតា ព្រះយមរាជ ដែល តែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុ គ្រោះ សុំអោយផ្តាច់កម្ម ផ្តាច់ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានអុទ្ទិសកុសលជូនដល់អ្នកដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅ ពេលបញ្ចប់ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះភ្នំខ្សាច់ ដូចកាលពីល្ងា ចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបានបន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «អិមំវាលុកចេតិយំបច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកអិលូវនេះនូវវាលុក ចេតិយនេះចេញ» គឺលែងប្រកាន់ថាជាចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភ ត្តប្រគេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះ និងអរតនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កា បាញ់ទឹកអប់ (ស្រង់ព្រះ) ។ នេះជាពិធីតាមបែបសាសនា ៕
-
No comments:
Post a Comment